27 C
Phnom Penh

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដីធ្លី​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី​ស្នើ​រដ្ឋសភា​អន្តរាគមន៍​ជួយ​ដោះស្រាយ​សំណង​សមរម្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​មកពី​ឃុំ​ចំនួន​៤ ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ដែល​រង​ផល​ប៉ះពាល់​ដីធ្លី​ដោយ​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី (OCIC) បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​រដ្ឋសភា ដើម្បី​សុំ​ឱ្យ​ស្ថាប័ន​មួយ​នេះ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​សំណង​ដីធ្លី​សមរម្យ​ដល់​ពួកគេ។

ប្រជាពលរដ្ឋ​ប្រហែល ១០០​នាក់​មកពី​ឃុំ​ចំនួន​៤ នៅ​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ បាន​នាំគ្នា​មក​ប្រមូល​ផ្ដុំ​នៅ​មុខ​រដ្ឋសភា រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ឱ្យ​ស្ថាប័ន​នេះ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះស្រាយ​រឿង​ដីធ្លី​ពួកគេ។

ក្នុង​ខ្លឹមសារ​ញត្តិ​ដែល​ប្រជាពលរដ្ឋ​មកពី​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ដាក់​ទៅ​រដ្ឋសភា នា​ថ្ងៃ​សុក្រ ទី​១៧ ធ្នូ នេះ បាន​ឱ្យ​ដឹង​ថា តម្លៃ​ដី​ដែល​តំណាង​ក្រុមហ៊ុន​សាងសង់​អាកាសយានដ្ឋាន និង​សមត្ថកិច្ច​កំណត់​ក្នុង ១​ម៉ែត្រ​ការ៉េ​តម្លៃ ៨​ដុល្លារ​នេះ គឺ​ទាប​បំផុត​មិន​ស្របតាម​ស្ថានភាព​សេដ្ឋកិច្ច​ជាក់ស្ដែង។ ពួកគាត់​លើកឡើង​ថា បច្ចុប្បន្ន តម្លៃ​ដី​នៅ​តំបន់​នោះ​បាន​ហក់​ឡើង​ចន្លោះ​ពី ៨០​ដុល្លារ​ទៅ​ជាង ១០០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ។

លើស​ពី​នេះ តម្លៃ​ដី ១​ម៉ែត្រ​ការ៉េ​តម្លៃ ៨​ដុល្លារ មិន​អាច​ឱ្យ​ពួកគាត់​យក​លុយ​ទៅ​ទិញ​ដី​កន្លែង​ផ្សេង​នៅ​ក្នុង​ខេត្ត​កណ្ដាល សម្រាប់​រស់នៅ​បាន​ឡើយ ករណី​នេះ ពួកគេ​បាន​ស្នើសុំ​អាជ្ញាធរ​ខេត្ត​ឱ្យ​ជួយ​ដោះស្រាយ និង​ផ្ដល់​សំណង​សមរម្យ​ដោយ​ក្នុង ១​ម៉ែត្រ​ការ៉េ​តម្លៃ ៨០​ដុល្លារ ប៉ុន្តែ​រយៈពេល ៣​ឆ្នាំ​ហើយ ពួកគាត់​មិន​ទទួល​បាន​ដំណោះស្រាយ​ឡើយ។

បើ​តាម​ខ្លឹមសារ​ញត្តិ​នោះ ពួកគេ​ស្នើ​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឱ្យ​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន OCIC និង CAIC ទិញ​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​កំពុង​កាន់កាប់​ប្លង់​រឹង​តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន ដោយ ១​ម៉ែត្រ​ការ៉េ​តម្លៃ ៨០​ដុល្លារ មុន​នឹង​ចូល​ឈូស​ឆាយ​ដីស្រែ​របស់​ពួកគេ។ ម្យ៉ាង​វិញ​ទៀត ពួកគេ​ស្នើ​ឱ្យ​រក្សា​ទុក​ភូមិ​កំពង់តាឡុង តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ ដោយសារ​តែ​ភូមិ​កំពង់តាឡុង នេះ ជា​ភូមិ​ប្រវត្តិសាស្ត្រ។

ការ​ស្នើសុំ​របស់​ក្រុម​ប្រជាពលរដ្ឋ​នេះ ធ្វើឡើង​បន្ទាប់ពី​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​បាន​មក​កាត់​ដី​ភូមិ​កំពង់តាឡុង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​លំនៅឋាន​របស់​ពួកគាត់។

ប្រជាពលរដ្ឋ​​ប្រមាណ ១០០​នាក់​មកពី​ឃុំ​ចំនួន​៤ ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ដែល​មាន​បញ្ហា​ដីធ្លី​ក្រោម​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី (OCIC) ប្រមូល​ផ្ដុំ​នៅ​មុខ​រដ្ឋសភា​រក​កិច្ចអន្តរាគមន៍ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២១។ (រូបថត​ពី VOD Khmer)

កាលពី​ខែ​កក្កដា ឆ្នាំ​២០២១ ក្រុម​ពលរដ្ឋ​ក៏​បាន​ចេញ​លិខិត​ចំហ​មួយ​ដោយ​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ក្រុមហ៊ុន OCIC របស់​ឧកញ៉ា ពុង ឃាវសែ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ ៣៣០​គ្រួសារ​មកពី​ឃុំ​ចំនួន​៤ ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ។ ឃុំ​ទាំងនោះ​មាន​ឃុំ​បឹងខ្យាង ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល និង​នៅ​ឃុំ​ពត់សរ ស្រុក​បាទី ខេត្ត​តាកែវ ដែល​មាន​ក្បាលដី​ជាង ១​លាន​ម៉ែត្រ​ការ៉េ។

វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន OCIC និង​ប្រជាពលរដ្ឋ​ម្ចាស់​ដី​នេះ ក៏​ធ្លាប់​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ទ្រង់ទ្រាយ​ធំ​រហូត​ពលរដ្ឋ​ម្នាក់​របួស​ធ្ងន់ និង​អ្នក​ខ្លះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ផង​ដែរ។

ក្រោយពី​មាន​ការ​ប៉ះទង្គិច​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣១​ស្ថាប័ន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ​កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្ដល់​សំណង​ឱ្យ​បាន​សមស្រប​តាម​តម្លៃ​ទីផ្សារ ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ដីធ្លី​ពី​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​បញ្ចៀស​នូវ​ការ​ធ្វើ​កិច្ចព្រមព្រៀង​ដោយ​មាន​ការ​បង្ខិតបង្ខំ ដើម្បី​រក្សា​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ដែល​ទទួលស្គាល់​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

លើស​ពី​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្នើ​ទៅ​ភាគី​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល ត្រូវ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​តាម​នីតិវិធី ដោយ​ហៅ​ភាគី​ទំនាស់​មក​ចរចា​ដោយ​ឈរ​លើ​ផលប្រយោជន៍ និង​សេចក្ដី​ត្រូវការ​របស់​គ្រប់​ភាគី ដើម្បី​កុំ​ឱ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស