25 C
Phnom Penh

លោក ទៀ បាញ់ ថា​អាវុធ​របស់​អាមេរិក​ចាស់ៗ​អស់​ហើយ​មិន​អាច​ឱ្យ​កងទ័ព​ប្រើ​បន្ត​ទៀត​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា អាវុធ​របស់​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ចាស់ៗ​អស់​ហើយ ប្រសិនបើ​នៅតែ​បន្ត​ប្រើ​អាវុធ​ទាំងនោះ​ទៀត មាន​តែ​បង្ក​មហន្តរាយ​សម្រាប់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ ចំណែក​អាវុធ​ដែល​អាច​ប្រើ​បាន​នៅសល់​តិចតួច​ណាស់ ដូច្នេះ​ក្រសួង​ការពារ​ជាតិ កំពុង​ពិនិត្យ​មើល​ដើម្បី​យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង និង​យក​ទៅ​កម្ទេច​ចោល​នៅ​ពេលនេះ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយពី​បញ្ចប់​កម្មវិធី​បញ្ចុះ​បឋមសិលា​នៅ​មជ្ឈមណ្ឌល​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ នេះ ថា អាវុធ​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គឺជា​អាវុធ​ចាស់ៗ​ដែល​សេសសល់​នៅ​បាត​ឃ្លាំង​តាំងពី​សម័យ លន់ នល់ មក​ម្ល៉េះ មិន​អាច​ឱ្យ​កងទ័ព​កម្ពុជា​ប្រើប្រាស់​បន្ត​ទៀត​បាន​ទេ។

លោក ទៀ បាញ់ បញ្ជាក់​ថា អាវុធ​របស់​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ចាស់​អស់​ហើយ នៅសល់​តិចតួច​ណាស់​ដែល​អាច​ប្រើ​បាន ហើយ​កន្លងមក កម្ពុជា​តែងតែ​ទុក​ដាក់​អាវុធ​ទាំងនោះ​នៅ​តាម​សារមន្ទីរ និង​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង ជាដើម ប៉ុន្តែ​ឥឡូវ​នេះ​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន តាម​បណ្ដា​អង្គភាព​ត្រូវ​រៀបចំ​ទុក​ដាក់ និង​ត្រួតពិនិត្យ​ឡើងវិញ​ថា តើ​មាន​អាវុធ​ប៉ុន្មាន​ត្រូវ​រក្សា​ទុក និង​ប៉ុន្មាន​ទៀត​ត្រូវ​បំផ្លាញ​ចោល។

លោក ទៀ បាញ់ ដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមក្នុងពិធីសម្ពោធមួយនៅសកលវិទ្យាល័យការពារជាតិក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំមុន។ រូបថតៈ ហ្វេសប៊ុក

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រូប​នេះ​គូសបញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ កិច្ចសហប្រតិបត្តិការ​យោធា​រវាង​កងទ័ព​កម្ពុជា-ចិន បាន​ពង្រឹង និង​ពង្រីក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ឈាន​ដល់​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​ឈរ​លើ​គោលការណ៍​ជឿជាក់​គ្នា យោគយល់​គ្នា គោរព​គ្នា និង​ផ្ដល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក​លើ​មូលដ្ឋាន «ឈ្នះ​ឈ្នះ» និង «សន្តិសហវិជ្ជមាន» ទៅ​ថ្ងៃ​អនាគត។

កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អង្គភាព​ប្រដាប់​អាវុធ​ទាំងអស់​ត្រួតពិនិត្យ​ឡើងវិញ​ជាបន្ទាន់​ចំពោះ​អាវុធ និង​សម្ភារៈ​យោធា​អាមេរិក ថា​តើ​ត្រូវ​យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​បន្ត​ទៀត ឬ​យក​ទៅ​កម្ទេច​ចោល​តាម​ការ​ជាក់ស្តែង។

បទបញ្ជា​របស់​លោក ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​ការិយាល័យ​ឧស្សាហកម្ម និង​សន្តិសុខ​នៃ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​ចេញ​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ការ​រឹតត្បិត​លក់​អាវុធ និង​សម្ភារៈ​យោធា​ឱ្យ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២១ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​យោធា​ចិន កាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក អ្នកស្រី Gina Raimondo បញ្ជាក់​ថា អាមេរិក​នៅតែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​គោរព​ចំពោះ​ឯករាជភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា តែ​អ្នកស្រី​សង្កត់​ធ្ងន់​ថា អាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​ធ្វើ​ឱ្យ​រីកចម្រើន​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ការ​រំលោភ​សិទ្ធិមនុស្ស និង​កាត់បន្ថយ​ឥទ្ធិពល​របស់​កងទ័ព​ចិន​នៅ​កម្ពុជា ដែល​អ្នកស្រី​ថា​កងទ័ព​ចិន​នៅ​កម្ពុជា គឺជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​តំបន់ និង​ពិភពលោក​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ ធ្នូ នេះ​ថា ការ​លើកឡើង​របស់​លោក ទៀ បាញ់ គ្រាន់តែ​និយាយ​ដើម្បី​ជួយ​សម្រាល​សម្ដី​ខុស​ជ្រុល​ហួស​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

លោក គឹម សុខ លើកឡើង​ថា កម្ពុជា​អាច​មាន​អាវុធ​ចាស់ៗ​របស់​អាមេរិក​ច្រើន​មែន ប៉ុន្តែ​ការ​ពិនិត្យ​អាវុធ​ចាស់​ថ្មី ទោះ​ជា​អាវុធ​ទិញ​ពី​ប្រទេស​ណា​ក៏ដោយ អ្នក​បច្ចេកទេស​ត្រួតត្រា​ឃ្លាំង​ត្រូវតែ​ត្រួតពិនិត្យ​ជា​ប្រចាំ ហើយ​ក៏​ជា​រឿង​សម្ងាត់​របស់​កងទ័ព​ជាតិ​ដែរ។ លោក​បន្ថែម​ថា បើ​ទោះបីជា​ត្រូវ​រក្សា​ទុក ឬ​ត្រូវ​កម្ទេច​ចោល វា​ជា​ការ​សម្រេច​ផ្ទៃក្នុង​ជួរ​កងទ័ព គ្មាន​ត្រូវការ​យក​មក​និយាយ​ជះ​កំហឹង​ជា​សាធារណៈ​ដាក់​ភាគី​ណា​មួយ​ដូច​លោក ហ៊ុន សែន បាន​ធ្វើ​ដាក់​សហរដ្ឋ​អាមេរិក​នោះ​ទេ។

អ្នកវិភាគ​រូប​នេះ​គូសបញ្ជាក់​ថា ទង្វើ​របស់​លោក ហ៊ុន សែន ស្មើ​នឹង​បង្ហាញ​ចំណុច​ខ្សោយ​នៃ​វិស័យ​ការពារ​ជាតិ​កម្ពុជា ទៅ​ដល់​បរទេស​ជិតខាង ជាពិសេស​ប្រទេស​ឈ្លានពាន​កម្ពុជា​ផង និង​បង្ក​ជម្លោះ​ដែល​គ្មាន​ផល​ចំណេញ​ជាមួយ​អាមេរិក​ផង​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស