27 C
Phnom Penh

តុលាការ​កំពូល​ច្រានចោល​បណ្ដឹង​គណបក្ស​បេះដូង​ជាតិ​តាម​ការ​ស្នើសុំ​របស់​ក្រសួង​មហាផ្ទៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​កំពូល​បាន​ច្រានចោល​បណ្ដឹង​គណបក្ស​បេះដូង​ជាតិ របស់​លោក សៀម ភ្លុក ដែល​ស្នើសុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ចេញ​ដីកា​បង្គាប់​ទៅ​ក្រសួង​មហាផ្ទៃ ឱ្យ​ចុះបញ្ជី​គណបក្ស​នយោបាយ​របស់​ខ្លួន។

កាលពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ មេធាវី​ការពារ​ក្ដី​ឱ្យ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​កំពូល ដោយ​ស្នើ​តុលាការ​ជាន់ខ្ពស់​នេះ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​របស់​ក្រសួង​មហាផ្ទៃ និង​បើក​ផ្លូវ​ឱ្យ​គណបក្ស​បេះដូង​ជាតិ បាន​ចុះបញ្ជី​នៅ​ក្រសួង​ឡើងវិញ ដើម្បី​បាន​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ​តាម​លក្ខខណ្ឌ​ច្បាប់។

នៅ​ថ្ងៃ​សុក្រ ទី​២៤ ធ្នូ នេះ តុលាការ​កំពូល​បាន​បើក​សវនាការ​សួរ​ដេញដោល​បណ្ដឹង​របស់​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ដែល​មាន​ភាគី​ក្រសួង​មហាផ្ទៃ រួម​ទាំង​មេធាវី​ទាំងសងខាង​ចូលរួម។ សវនាការ​សួរ​ដេញដោល​នេះ មាន​សមាសភាព​ចៅក្រម​ចូលរួម​ជំនុំជម្រះ​ចំនួន ៩​រូប ដោយ​មាន​លោក គង់ ស្រ៊ីម ជា​ប្រធាន ខណៈ​តំណាង​អយ្យការ លោក អ៊ុក គឹមសិទ្ធិ។

ក្នុង​បន្ទប់​សវនាការ ប្រធាន​ក្រុមប្រឹក្សា លោក គង់ ស្រ៊ីម បាន​សួរ​លោក សៀម ភ្លុក ជុំវិញ​មូលហេតុ​មិន​សុខចិត្ត​ដែល​ក្រសួង​មហាផ្ទៃ មិន​ចុះបញ្ជី​ឱ្យ​គណបក្ស​បេះដូង​ជាតិ។

លោក សៀម ភ្លុក លើកឡើង​អំឡុង​ពេល​សវនាការ​ថា គណបក្ស​របស់​ខ្លួន​បាន​កែតម្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​រួចហើយ ប៉ុន្តែ​ក្រសួង​នៅតែ​មិន​ចុះបញ្ជី​ឱ្យ និង​បាន​បិទ​ឱកាស​តវ៉ា​បន្ថែម​ទៀត។ ចំណែក​ស្នាមមេដៃ​ដែល​ក្រសួង​មហាផ្ទៃ ពិនិត្យ​ថា​ស្ទួន​នោះ ក្រសួង​អាច​លុប​ចោល​បាន ព្រោះ​ស្នាម​មេដៃ​ដែល​ខ្លួន​បាន​ដាក់​ទៅ​ជាង ៤​ពាន់​ស្នាម​មេដៃ ខណៈ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​តម្រូវ​តែ ៤​ពាន់​ស្នាម​មេដៃ​ប៉ុណ្ណោះ។

លោក សៀម ភ្លុក បន្ត​ថា ករណី​មិន​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ ដែល​ក្រសួង​អះអាង​ថា​ស្នាម​មេដៃ​ស្ទួន​មាន​ចេតនា​ទុច្ចរិត បំប៉ោង​តួលេខ គឺ​ធ្វើឡើង​មិន​សម​ហេតុផល ព្រោះ​លោក​មិន​មាន​ចេតនា​ទុច្ចរិត​ដូច​ការ​ចោទប្រកាន់​ឡើយ។ លើស​ពី​នេះ លោក​ថា​ស្នាម​មេដៃ​ស្ទួន​នេះ​អាច​បណ្ដាល​មកពី​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ចុះ​ស្រង់​ខុស ព្រោះ​ការងារ​នេះ​លោក​ប្រគល់​ឱ្យ​ពួកគាត់​ធ្វើ ដោយ​គាត់​មិន​បាន​ពិនិត្យ​មើល​អំឡុង​ពេល​ពលរដ្ឋ​ផ្ដិត​ស្នាម​មេដៃ ស្រប​នឹង​ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​មាន​កម្រិត។

ករណី​នេះ លោក សៀម ភ្លុក ស្នើ​ទៅ​តុលាការ​កំពូល ចេញ​ដីកា​បង្គាប់​ឱ្យ​ក្រសួង​មហាផ្ទៃ ចុះបញ្ជី​ឆ្លើយតប​នឹង​ការ​អះអាង​នេះ។

មន្ត្រី និង​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ លើកឡើង​ថា មូលហេតុ​ដែល​ក្រសួង​មិន​ចុះបញ្ជី គឺ​គណបក្ស​បេះដូង​ជាតិ​មិន​បាន​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ខណៈ​ក្រសួង​បាន​ជូនដំណឹង ៣​លើក​ឱ្យ​កែតម្រូវ​រួច​មក​ហើយ។ ម្យ៉ាង​វិញ​ទៀត លោក​ថា គណបក្ស​នេះ​ផ្តល់​ស្នាម​មេដៃ​ស្ទួន មិន​ច្បាស់លាស់ ដោយ​បំប៉ោង​តួលេខ​ដែល​មាន​ចេតនា​មិន​ល្អ មិន​ស្មោះត្រង់ និង​គ្មាន​ភាព​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​របស់​ក្រសួង។ ទាំង​មន្ត្រី និង​មេធាវី​ក្រសួង​មហាផ្ទៃ បាន​ចាត់ទុក និង​ចោទ​គណបក្ស​នេះ​បង្កើត​កំហុស ដោយ​ការ​បន្លំ​ស្នាម​មេដៃ​ជា​បទល្មើស​ព្រហ្មទណ្ឌ។ ករណី​នេះ ពួកគេ​បាន​ស្នើ​ច្រានចោល​បណ្ដឹង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ដូច​ក្រសួង​សម្រេច​គណបក្ស​បាន​បង្កើត​កំហុស​ធ្ងន់ធ្ងរ។

ក្រោយ​ពី​សវនាការ​ដេញដោល និង​ស្ដាប់​ភាគី​ទាំងសងខាង​នោះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក គង់ ស្រ៊ីម បាន​សម្រេច​ច្រានចោល​បណ្ដឹង​របស់​លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ បន្ទាប់ពី​សវនាការ​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​សុក្រ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​លិខិត​មួយ​ដាក់​ទៅ​លោក ហ៊ុន សែន កាលពី​ពេល​ថ្មីៗ​នេះ​ថា តាម​ការ​ធ្វើ​កោសលវិច័យ​ទៅ​លើ​ស្នាម​មេដៃ​ចំនួន​ជាង ៤​ពាន់​ស្នាម​មេដៃ (៤៧៨១​ស្នាម​មេដៃ) ដែល​គណបក្ស​បេះដូង​ជាតិ ផ្ញើ​ទៅ​ក្រសួង​ដើម្បី​សុំ​ចុះបញ្ជី​គណបក្ស​នោះ បាន​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដូចជា​ស្នាម​មេដៃ​ខ្លះ​ខុស​ទៅ​នឹង​ស្នាម​មេដៃ​ក្នុង​អត្តសញ្ញាណប័ណ្ណ និង​ស្នាម​មេដៃ​មួយ​ចំនួន​ទៀត​ខូច​គុណភាព​មិន​អាច​ធ្វើ​កោសលវិច័យ​បាន ជាដើម។

ក្រោយ​ពី​មាន​ការ​បដិសេធ​នេះ គណបក្ស​បេះដូង​ជាតិ នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហាញ​ការ​សោកស្ដាយ ដែល​ក្រសួង​មហាផ្ទៃ​មិន​ចុះបញ្ជី​គណបក្ស​របស់​ខ្លួន ហើយ​ថែមទាំង​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌។

គណបក្ស​នេះ​អះអាង​ថា ស្នាម​មេដៃ​ដែល​ខ្លួន​បាន​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ ចំនួន ៤៦១៨​នាក់ មិនមែន​ចំនួន ៤៧៨១​នាក់​ដូច​ការ​អះអាង​របស់​ក្រសួង​មហាផ្ទៃ​នោះ​ទេ។ លើស​ពី​នេះ គណបក្ស​បេះដូង​ជាតិ ថា​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ស្នាម​មេដៃ គួរតែ​ក្រសួង​ណែនាំ​ពី​កំហុស​ឆ្គង​ដើម្បី​កែសម្រួល​ទៅតាម​លក្ខន្តិកៈ​ជាជាង​បដិសេធ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស