27 C
Phnom Penh

រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ចុះ​ស្រាវជ្រាវ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​នៅ​ខេត្ត​មណ្ឌលគិរី ដែល​ជា​ដែន​សមត្ថកិច្ច​របស់​ខ្លួន​គ្រប់គ្រង ក្រោយពី​ទទួល​បាន​ព័ត៌មាន​ថា បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ឡើង​នៅ​តំបន់​ទាំងនោះ​ជាបន្តបន្ទាប់។

សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២២ របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ឱ្យ​ដឹង​ថា ក្រុម​ការងារ​ដែល​បង្កើត​សម្រាប់​ចុះ​ស្រាវជ្រាវ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​មាន​ចំនួន ៤​ក្រុម​ធំៗ៖

  • ក្រុម​ទី​១ ដឹកនាំ​ដោយ​លោក អ៊ុង សំអាត ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ជា​ប្រធាន និង​អម​ដោយ​អនុប្រធាន​ពីរ​រូប។
  • ចំណែក​ក្រុម​ទី​២ ជា​ក្រុម​ការងារ​គាំទ្រ​លិខិត​បទដ្ឋាន​ច្បាប់ និង​នីតិវិធី​ដែល​មាន​ប្រធាន និង​អនុប្រធាន ២​រូប និង​សមាជិក ៧​រូប។
  • ក្រុម​ទី​៣ ជា​ក្រុម​ស្រាវជ្រាវ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ដែល​មាន​ប្រធាន និង​អនុប្រធាន ៣​រូប អម​ដោយ​សមាជិក ៣៨​នាក់។
  • សម្រាប់​ក្រុម​ទី​៤ វិញ ជា​អ្នក​ប្រមូល​ព័ត៌មាន និង​ផែនទី ដែល​មាន​ប្រធាន និង​អនុប្រធាន ២​រូប និង​អម​ដោយ​សមាជិក ៧​នាក់។

សេចក្ដី​សម្រេច​ដដែល​លើកឡើង​ថា ក្រុម​ការងារ​ទាំង ៤​ក្រុម​នេះ​មាន​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន​ក្នុង​ការ​ស្រាវជ្រាវ​ឯកសារ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​ព្រៃឈើ សម្រាប់​គាំទ្រ​ដល់​ក្រុម​ស្រាវជ្រាវ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ណែនាំ​លើ​ការ​អនុវត្ត​ច្បាប់ សិក្សា​ស្រាវជ្រាវ​រក​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ និង​បូក​សរុប​របាយការណ៍​ប្រចាំ​ថ្ងៃ និង​របាយការណ៍​លទ្ធផល​នៃ​ការ​អនុវត្ត​ជូន​ក្រុម​ការងារ​ដឹកនាំ ជាដើម។

ជនជាតិ​ដើម​ភាគតិច​ពូនង នៅ​ខេត្ត​មណ្ឌលគិរី ធ្លាប់​ប្រាប់​អ្នក​សារព័ត៌មាន The Cambodia Daily ថា ឈើ​ប្រណិតៗ​នៅ​ក្នុង​តំបន់​ការពារ​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​ពួក​ឈ្មួញ និង​អ្នក​មាន​អំណាច​កាប់​បំផ្លាញ និង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម អស់​តាំងពី​អំឡុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ មក​ម្ល៉េះ។ ជនជាតិ​ដើម​ភាគតិច​ទាំងនោះ​ថា​ការ​កាប់​បំផ្លាញ​ឈើ​ប្រណិតៗ​ខ្លាំង បាន​ធ្វើឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ ដែល​មាន​ឈ្មួញ​ឈើ​ល្បី​ចំនួន ២​នាក់​ឈរ​កាង​កាប់ និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។

លើស​ពី​នេះ ជនជាតិ​ដើម​ភាគតិច​ថា ឈ្មួញ​ដែល​កាប់​បំផ្លាញ និង​ជួញដូរ​ឈើ​យ៉ាង​សស្រាក់សស្រាំ គឺ​លោក ហ៊ុន ជា និង​លោក ទ្រី ភាព ដែល​ជា​ឈ្មួញ​ធំ​ជាងគេ​នៅ​អំឡុង​ពេល​នោះ។ ក្រោយ​មក ទើប​គេ​ឃើញ​មាន​លោក ស៊ឹង សំអុល ប៉ុន្តែ​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ជាមួយ​បក្សពួក ៣​នាក់​ផ្សេង​ទៀត​ដែល​មាន​មេការ​ពីរ​នាក់ និង​អ្នក​បើក​រថយន្ត​ម្នាក់ យក​ទៅ​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៩។

បន្ទាប់ពី​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​កាប់​បំផ្លាញ​អស់​ហើយ​នោះ បច្ចុប្បន្ន​ខេត្ត​នេះ​កំពុង​មាន​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ខ្លាំង បើ​ទោះបីជា​កន្លងមក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ចុះ​ដោះស្រាយ​ក៏ដោយ ប៉ុន្តែ​គណៈកម្មការ​ដែល​មាន​ក្រសួង​ដែនដី ក្រសួង​កសិកម្ម រួម​ទាំង​ក្រសួង​បរិស្ថាន ជាដើម មិន​អាច​ដោះស្រាយ​បាន​ឡើយ​រហូត​មក​ដល់​ថ្ងៃ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ ដោយ​ឱ្យ​បុគ្គល​ទាំងឡាយ​ណា​ដែល​អាជ្ញាធរ​ថា​កំពុង​កាប់​ទន្ទ្រាន ឈូស​ឆាយ ដាំ​ដំណាំ និង​សាងសង់​សំណង់​មិន​រៀបរយ​ក្នុង​ដី​គម្រប​ព្រៃឈើ​តំបន់​ការពារ​នោះ ត្រូវ​រុះរើ​ចេញពី​ដី​ឯកជន​របស់​រដ្ឋ និង​ដី​សាធារណៈ​របស់​រដ្ឋ​ជាបន្ទាន់ ដោយសារ​តែ​សកម្មភាព​ទាំងនោះ​ជា​ការ​បំពាន​ច្បាប់។ អាជ្ញាធរ​ក៏​បាន​អំពាវនាវ​ឱ្យ​អ្នក​ទាំងនោះ​បញ្ឈប់​សកម្មភាព ដើម្បី​បញ្ចៀស​ទោស​ទណ្ឌ​តាម​ផ្លូវ​ច្បាប់។

អ្នក​សម្របសម្រួល​នៃ​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នៅ​ក្នុង​ខេត្ត​នេះ​មិន​មាន​ឈើ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​ទៀត​ឡើយ ដោយសារ​តែ​ឈើ​ទាំងនោះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​កាប់​បំផ្លាញ​អស់​យូរ​ហើយ។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ធ្លាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​ក្រុម​ឈ្មួញ​កាប់​បំផ្លាញ​អស់។ លើស​ពី​នេះ ក្រោយ​ពី​កាប់​ឈើ​អស់ អ្នក​មាន​អំណាច និង​អ្នក​មាន​ប្រាក់​ទាំងនោះ កំពុង​ឈ្លោះ​គ្នា​ដណ្ដើម​ដី​ដែល​ជា​ដី​របស់​រដ្ឋ​មក​គ្រប់គ្រង​ផង​ដែរ។ លោក​បន្ត​ថា ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​នេះ អាជ្ញាធរ​ខេត្ត​មិន​ហ៊ាន​ទប់ស្កាត់​ឡើយ ដោយសារ​អ្នក​បំពាន​យក​ដី​ព្រៃ​ទាំងនោះ​មាន​អំណាច​ធំ​ជាង​អ្នក​ទប់ស្កាត់។

កាលពី​ខែ​តុលា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ធ្លាប់​ថ្លែង​ជា​សាធារណៈ​ដោយ​ទទួលស្គាល់​ថា មន្ត្រី​មាន​អំណាច​មួយ​ចំនួន​បាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​នៅ​ខេត្ត​មណ្ឌលគិរី។ លោក ស ខេង បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​មន្ត្រី​ទាំងនោះ ដែល​បាន​ប្រើ​អំណាច​របស់​ខ្លួន​ទៅ​រំលោភ​យក​ដីធ្លី​ពលរដ្ឋ និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ លោក​ចាត់ទុក​ការ​រំលោភ​យក​ដីធ្លី​ពលរដ្ឋ និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នោះ ដោយសារ​តែ​ភាព​លោភលន់​របស់​មន្ត្រី​ទាំងនោះ។

អង្គការ​អភិរក្ស​ព្រៃឈើ Global Forest Watch កាលពី​ឆ្នាំ​២០២០ បាន​ប៉ាន់ប្រមាណ​ថា ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ២​លាន​ហិកតារ (២,១៧​លាន​ហិកតារ) ចាប់ពី​ចន្លោះ​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៨ គឺ​ស្មើ​នឹង ១​ភាគ​៤ នៃ​ការ​បាត់បង់​គម្រប​ព្រៃឈើ​ចាប់តាំង​ពី​ឆ្នាំ​២០០០៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស