27 C
Phnom Penh

លោក ហ៊ុន សែន ថា​អាស៊ាន​មិនមែន​ជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​របស់​ភូមា​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា អាស៊ាន​មិនមែន​ជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​នៅ​ប្រទេស​ភូមា​នោះ​ទេ ត្បិត​កិច្ចការ​របស់​អាស៊ាន មិនមែន​ត្រូវ​ដោះស្រាយ​តែ​បញ្ហា​ប្រទេស​ភូមា​នោះ​ដែរ។ ក្រៅពី​នេះ​ទៀត អាស៊ាន​ឆ្នាំ​២០២២ នេះ ក៏​មាន​កិច្ចការ​ក្នុង​តំបន់​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ជាបន្តបន្ទាប់។

មេដឹកនាំ​ខ្មែរ​បាន​អះអាង​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា បញ្ហា​នៅ​ប្រទេស​ភូមា មិនមែន​ដោះស្រាយ​បញ្ចប់​ត្រឹម​រយៈពេល​ខ្លី ឬ​ត្រឹម​ដំណាក់កាល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ នេះ​ទេ។

លោក ហ៊ុន សែន អះអាង​ថា វា​មាន​ភាព​ចាំបាច់​ណាស់​នៃ​ការ​បង្កើត​អាស៊ាន ត្រយការ (troika) ដែល​មាន​ការ​ចូលរួម​ពី​ប្រធាន​អាស៊ាន​ឆ្នាំ​២០២១ ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ប្រធាន​អាស៊ាន​ឆ្នាំ​២០២៣ និង​អគ្គលេខាធិការ​អាស៊ាន ដែល​ត្រូវតែ​ចូលរួម​សហការ​គ្នា​ជាមួយ​ប្រទេស​កម្ពុជា​នៅ​ពេលនេះ ព្រោះ​ថា​បញ្ហា​របស់​ប្រទេស​ភូមា ប្រាកដ​ជា​នឹង​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៣ ជាមិនខាន។

ការ​អះអាង​របស់​មេដឹកនាំ​ប្រទេស​កម្ពុជា​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​រិះគន់​ជុំ​ទិស​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ពី​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​កាលពី​ដើម​ខែ​មករា ថា​ជា​ទស្សនកិច្ច​ខុស​ពី​គោលការណ៍​របស់​អាស៊ាន និង​មាន​មហាអំណាច​ចិន នៅ​ពីក្រោយ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ មករា នេះ​ថា សព្វថ្ងៃ​នេះ​មាន​តែ​មហាអំណាច​កុម្មុយនីស្ត​ពីរ​ប៉ុណ្ណោះ​ដែល​មាន​បំណង​ចង់​ចាប់​អាស៊ាន​ធ្វើជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​របស់​ប្រទេស​ភូមា គឺ​មហាអំណាច​កុម្មុយនីស្ត​រុស្ស៊ី និង​មហាអំណាច​កុម្មុយនីស្ត​ចិន ដែល​ជា​មិត្ត​ដែកថែប​របស់​កម្ពុជា​សព្វថ្ងៃ​នេះ។

លោក គឹម សុខ អះអាង​ថា សម្រាប់​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​គ្រាន់តែ​ចង់​ឃើញ​មេដឹកនាំ​ខ្មែរ​ប្រើ​ឈ្មោះ​កម្ពុជា អនុវត្ត​មុខនាទី​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឱ្យ​បាន​ត្រឹមត្រូវ គោរព​គោលការណ៍​រួម​របស់​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា បញ្ហា​ក្នុង​តំបន់ និង​សកលលោក​ដែល​ពាក់ព័ន្ធ​នឹង​ដៃគូ​របស់​អាស៊ាន​ប៉ុណ្ណោះ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា លោក​ឯកភាព​ចំពោះ​បញ្ហា​ធំៗ​របស់​អាស៊ាន មិនមែន​មាន​តែ​បញ្ហា​នៅ​ប្រទេស​ភូមា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ប្រទេស​ថៃ និង​នៅ​កម្ពុជាក្រោម ដែល​វៀតណាម​កំពុង​គ្រប់គ្រង​សព្វថ្ងៃ​នេះ​ផង​ដែរ។ លោក​បន្ត​ថា រឿង​ទាំងនោះ​គឺ​សុទ្ធតែ​ជា​បញ្ហា​ធំៗ​ដែល​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​បន្ថែម​លើ​បញ្ហា​ក្រម​ចរិយា​បញ្ញត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​តម្រូវ​ឱ្យ​កម្ពុជា​ដោះស្រាយ​ថែមទៀត។

លោក គឹម សុខ សង្កត់​ធ្ងន់​ថា ការ​ក្រើន​រំឭក​របស់​ប្រទេស​ប្រជាធិបតេយ្យ​ចំពោះ​លោក ហ៊ុន សែន កន្លងមក គឺ​គ្រាន់តែ​ដើម្បី​តម្រង់​ផ្លូវ​កុំ​ឱ្យ​មេដឹកនាំ​កម្ពុជា​ដើរ​ឆ្ងាយ​ពី​គោលជំហរ​អាស៊ាន​ទាំង ៥​ចំណុច​សម្រាប់​ភូមា​ប៉ុណ្ណោះ ហើយ​ក៏​ដើម្បី​កុំ​ឱ្យ​គាត់​ប្រព្រឹត្ត​ផ្ទុយពី​គោលការណ៍​របស់​អង្គការ​សហប្រជាជាតិ​រហូត​ទទួលស្គាល់​មេ​រដ្ឋប្រហារ​ភូមា ទៅជា​រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ​ដែរ។ លោក គឹម សុខ ថា​បើ​លោក ហ៊ុន សែន អនុវត្ត​កិច្ចការ​ខុស​ពី​គោលជំហរ​អាស៊ាន នឹង​នាំ​ឱ្យ​អាស៊ាន​ជួប​វិបត្តិ​កាន់តែ​ខ្លាំង​ជាង​នេះ​ជាមិនខាន។

ក្រោយពី​ដំណើរ​ទស្សនកិច្ច​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ដែល​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់ មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា មិន​សូវ​បញ្ចេញ​អាកប្បកិរិយា​អួតអាង​ពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​ចំពោះ​បញ្ហា​នៅ​ប្រទេស​ភូមា​ទៀត​ទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស