27 C
Phnom Penh

លោក ហ៊ុន សែន កាត់​ដី​បឹងតាមោក​ជាង​១០០​ហិកតារ​ឲ្យ​គ្រួសារ​សមាជិក​ក្រុម​លេខា​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​បឹង​ទំនប់កប់ស្រូវ ឬ​បឹងតាមោក ទំហំ​ជាង ១០០​ហិកតារ​បន្ថែម​ទៀត​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​នៃ​សមាជិក​ក្រុម​លេខា​របស់​ខ្លួន គឺ​លោកស្រី ជូ ដារ៉ារ៉េត ដើម្បី​ធ្វើជា​កម្មសិទ្ធិ។

យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​កាត់​ផ្ទៃដី​បឹងតាមោក​ចំនួន ៥​ទីតាំង​មាន​ទំហំ​ជាង ១២១​ហិកតារ ស្ថិតនៅ​សង្កាត់​ពន្សាំង និង​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ប្រគល់​ទៅ​ឱ្យ​លោកស្រី សោម សុខដារ៉ា មនុអេរីកា លោកស្រី សោម សូមាលីកា និង​លោក សោម សុខដារ៉ារីគីអូ ដែល​ជា​កូនៗ​របស់​លោកស្រី ជូ ដារ៉ារ៉េត សមាជិក​ក្រុម​លេខា​នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើជា​កម្មសិទ្ធិ។

ចំណែក​អនុក្រឹត្យ​មួយ​ទៀត​ចុះ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ផ្ទៃដី​បឹងតាមោក​ចំនួន ២​ទីតាំង​ដែល​មាន​ទំហំ​ជាង ៦​ហិកតារ (៦៣២២១​ម៉ែត្រក្រឡា) ប្រគល់​ឱ្យ​លោក ជឹម ពិសី ដើម្បី​ធ្វើជា​កម្មសិទ្ធិ ដោយ​ពន្ធអាករ​ផ្សេងៗ​រដ្ឋ​ជា​អ្នក​ទទួល​បន្ទុក។

ឡាន​ដឹក​ដី​ចាក់​លុប​បឹងតាមោក ក្នុង​ខណ្ឌ​ព្រែកព្នៅ ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០។

សមាជិក​ក្រុម​លេខា​នាយករដ្ឋមន្ត្រី លោកស្រី ជូ ដារ៉ារ៉េត កាលពី​ខែ​ធ្នូ ឆ្នាំ​២០២០ ក្នុង​លេខ​រៀង​ទី​១០៥៥ ក្នុង​ចំណោម​លេខ​រៀង​១៦០២ បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន ១​លាន ២​សែន​រៀល (១ ២០០ ០០០​រៀល) ជូន​រដ្ឋាភិបាល​ដើម្បី​ទិញ​វ៉ាក់សាំង Covid-19 សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ។

លោកស្រី ជូ ដារ៉ារ៉េត ហៅ ធារី មាន​ឈ្មោះ​ជប៉ុន ASAKURA MASAKO ជា​ម្ចាស់​រមណីយដ្ឋាន​អេម៉ារីអូ មណ្ឌលគិរី ដែល​ស្ថិតនៅ​ក្នុង​ភូមិ​អូរស្ពាន សង្កាត់​ស្ពានមានជ័យ ខេត្ត​មណ្ឌលគិរី។ លោកស្រី​ទទួល​បាន​ជ័យលាភី​ប្រចាំ​ឆ្នាំ​២០១៧ ពី​បុរស​ខ្លាំង​កម្ពុជា ឈ្មោះ «រង្វាន់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍»។

លោកស្រី ជូ ដារ៉ារ៉េត កាលពី​ឆ្នាំ​២០១៨ បាន​ដាក់​ពាក្យ​ប្តឹង​លែងលះ​ប្តី គឺ​លោក​ឧកញ៉ា សោម សុខរ៉ាឌី ពី​បទ​ទ្វេ​ពន្ធភាព និង​ផិត ដើម្បី​លេប​យក​ទ្រព្យសម្បត្តិ​រាប់​រយ​លាន​ដុល្លារ ដោយ​តុលាការ​សម្រេច​ប្រគល់​ឲ្យ​លោកស្រី និង​កូន​ទាំងអស់ ហើយ​លោក សោម សុខរ៉ាឌី ធ្វើ​ការងារ​ក្រុមហ៊ុន​បម្រើ​កូន និង​ទទួល​ប្រាក់ខែ​ពី​កូន។

កន្លងមក លោក​ឧកញ៉ា សោម សុខរ៉ាឌី តែង​ចេញ​មុខ​ស្វែងរក​យុត្តិធម៌​តាម​ប្រព័ន្ធ​តុលាការ​ដោយ​លើកឡើង​ថា ទ្រព្យសម្បត្តិ​ដែល​ជា​ញើស​ឈាម​ពាក់កណ្តាល​ជីវិត​របស់​លោក​រាប់​រយ​លាន​ដុល្លារ​អាមេរិក​នោះ ត្រូវ​បាន​តុលាការ​សម្រេច​ប្រគល់​ឲ្យ​ប្រពន្ធ និង​កូន​ទាំងអស់ ហើយ​ឲ្យ​លោក​ធ្វើ​ការងារ​ក្រុមហ៊ុន​បម្រើ​កូន និង​ទទួល​ប្រាក់ខែ​ពី​កូន​ទៅវិញ។ មិន​ត្រឹម​តែប៉ុណ្ណោះ លោក​ថា លោកស្រី ជូ ដារ៉ារ៉េត ថែម​ទាំង​រក​គ្រប់​មធ្យោបាយ​ដើម្បី​រក​លេស​រឿង​ផ្សេងៗ​ទៀត​ដែល​មិនមែន​ជា​ការពិត បង្កើត​ជា​រឿង​ព្រហ្មទណ្ឌ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក​ចូល​ដេក​គុក​ឲ្យ​ទាល់តែ​បាន ទាំង​ដែល​លោក​ពុំ​ដែល​មាន​កំហុស ឬ​ទៅ​បំផ្លិចបំផ្លាញ​យក​ទ្រព្យសម្បត្តិ​នរណា​ម្នាក់​ទាល់តែសោះ​ឡើយ។

លោក​លើកឡើង​ថា កន្លងមក​លោក​បាន​រួមចំណែក​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​ជាច្រើន​ផង​ដែរ ដោយ​រូបលោក និង​ក្រុម​គ្រួសារ​ជា​អ្នក​វិនិយោគ និង​នាំ​ក្រុមហ៊ុន​ជប៉ុន មក​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ម៉ាស៊ីន​កិនស្រូវ សាងសង់​អគារ សាលារៀន ផ្សារ​ទំនើប​អ៊ីអន វិនិយោគ​លើ​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត និង​បង្កើត​ការងារ​ក្នុង​ស្រុក​ជូន​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់។ លោក​ថា ប្រសិនបើ​លោក​ជា​មនុស្ស​អាក្រក់ នោះ​ជនជាតិ​ជប៉ុន​នឹង​មិន​មាន​ជំនឿ​ទុកចិត្ត​លើ​រូបលោក និង​ក្រុម​គ្រួសារ​លោក​នោះ​ទេ។

សកម្មភាព​ចាក់​ដី​លុប​បឹងតាមោក។

ទាក់ទង​រឿង​ដី​បឹងតាមោក កន្លងមក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ជម្រាប​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ តាមរយៈ​លិខិត​លេខ​៤៧៥ ស.ជ.ណ. ដប ចុះ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២០ ថា រាជរដ្ឋាភិបាល​មិន​ចុះបញ្ជី​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​មួយ​ទីតាំង​ដី​ទំហំ​ជាង ៥១​ហិកតារ (៥១,២៣​ហិកតារ) ស្ថិតនៅ​ក្បែរ​បឹងតាមោក សង្កាត់​ពន្សាំង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ដោយ​ទីតាំង​ខាងលើ​ជា​ដី​សាធារណៈ​របស់​រដ្ឋ។

នៅ​ក្នុង​លិខិត​ជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក ឈួន សុធី រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នេះ បាន​សរសេរ​ទៀត​ថា ក្រសួង​យុត្តិធម៌​ត្រូវ​អនុវត្ត​តាម​ច្បាប់​ចំពោះ​ឈ្មោះ សោម សុខរ៉ាឌី ដើម្បី​ចៀសវាង​បុគ្គល​នេះ​ធ្វើ​សកម្មភាព​ដដែលៗ​នាំ​ឱ្យ​ប៉ះពាល់​ដល់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​ឯកជន។

លោក​ឧកញ៉ា សោម សុខរ៉ាឌី បាន​លើកឡើង​កន្លងមក​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៤ ទៅ​ឆ្នាំ​១៩៩៦ លោក​បាន​ប្រមូល​ទិញ​ដីស្រែ និង​ដី​ចម្ការ​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងតាមោក ដោយ​ដាក់​ឈ្មោះ​អតីត​ភរិយា​ឈ្មោះ ជូ ដារ៉ារ៉េត ទាំងអស់ ហើយ​ពួក​លោក​បាន​សម្រេច​លក់​ដី​ប្រហែល​ជាង ៥០​ហិកតារ​ទៅ​ឲ្យ​អ្នក​វិនិយោគ​ជប៉ុន ដោយ​ការ​ទិញ​លក់​នោះ​មាន​ការ​ទទួលស្គាល់​ដឹង​ឮ​ពី​អាជ្ញាធរ​ភូមិ-ឃុំ និង​នៅ​ពេល​ក្រោយ​មក​ទៀត លោក​បាន​ទទួល​ដំណឹង​ថា ដី​តំបន់​នោះ​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល។

លោក​ថា កន្លងមក​លោក​ពុំ​ធ្លាប់​បាន​ធ្វើ​លិខិត​ស្នើសុំ​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នៅ​តំបន់​បឹងតាមោក​នោះ​ទេ ដោយសារ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​កាត់​យក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​លោក​ទៅ​ឲ្យ​កូន​ទាំង​បី​ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អតីត​ភរិយា ដែល​ពុំ​មាន​សំបុត្រ​អាពាហ៍ពិពាហ៍​រួច​អស់​ទៅ​ហើយ។

លោក​ថា រាល់​លិខិត​ស្នាម​ច្បាប់ដើម​ទាំងអស់​ពាក់ព័ន្ធ​នឹង​ដី​នៅ​តំបន់​នោះ ក៏​ត្រូវ​បាន​អតីត​ភរិយា​របស់​លោក​រៀបចំ និង​ប្រមូល​យក​ទៅ​ជាមួយ​នៅ​ថ្ងៃ​ដែល​គាត់​ចុះចេញ​ពី​លំនៅឋាន​ដោយ​មិន​បាន​ឲ្យ​លោក​ដឹង​ពី​មូលហេតុ​ជា​មុន។

ទោះ​យ៉ាងណា សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​សមាជិក​គ្រួសារ​លោកស្រី ជូ ដារ៉ារ៉េត ដើម្បី​ធ្វើការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ទី​២០ ខែ​មករា នេះ។

ចំណែក​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​កន្លងមក​ថា រដ្ឋាភិបាល​កំណត់​រក្សា​ផ្ទៃ​បឹង​រួចហើយ​មាន​ពីរ​ប្រភេទ គឺ​អាងទឹក​ទី​១ ហើយ​មួយ​ទៀត​តាមរយៈ​ទឹក​ស្អុយ​ដែល​គេ​ទៅ​សម្អាត ដើម្បី​ចូល​ទៅ​ប្លុក​មួយ​ទៀត។

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន

ប្រធាន​គម្រោង​សិទ្ធិ​លំនៅឋាន និង​ស្រាវជ្រាវ​នៃ​អង្គការ​សមាគម​ធាងត្នោត លោក សៀង មួយឡៃ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា រដ្ឋាភិបាល​គួរតែ​កែច្នៃ​បឹង​ធម្មជាតិ​ទៅជា​សួនច្បារ​បៃតង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​លេង​កម្សាន្ត​ល្អ​ជាង​កាត់​ប្រគល់​ឱ្យ​អ្នក​មាន​ប្រាក់​ធ្វើជា​កម្មសិទ្ធិ​ឯកជន។ លោក​បន្ត​ថា បឹងតាមោក​មិន​ត្រឹមតែ​ជួយ​ដល់​បរិស្ថាន និង​សុខភាព​សាធារណៈ​ទេ ប៉ុន្តែ​បឹង​នេះ​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​រំដោះ​ទឹក ជាពិសេស​នៅ​ក្នុង​ទីក្រុង​ផង​ដែរ។

លោក​បញ្ជាក់​ទៀត​ថា ការ​កាត់​ផ្ទៃ​បឹង​ប្រគល់​ឱ្យ​ឧកញ៉ា អ្នក​មាន​ប្រាក់ អ្នក​មាន​អំណាច ដោយ​មិន​មាន​តម្លាភាព និង​មិន​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ ពិសេស​មិន​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​នោះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត​លើ​ស្ថាប័ន​រដ្ឋ​បន្ថែម​ទៀត។

កាលពី​ខែ​ឧសភា ឆ្នាំ​២០២០ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ បាន​ចេញ​លិខិត​មួយ​ដោយ​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​ដោយសារ​ទឹកជំនន់ ក្រោយ​ពី​ក្រសួង​មើល​ឃើញ​ថា មាន​ការ​ចាក់​ដី​លុប និង​ការ​សាងសង់​សំណង់​ផ្សេងៗ​បិទ​ផ្លូវ​ទឹក កន្លែង​ស្តុក​ទឹក​នានា​ជាបន្តបន្ទាប់។

បឹងតាមោក​មាន​ផ្ទៃដី​សរុប ៣២៣៩​ហិកតារ ជា​អាង​ស្តុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ឆ្នាំ​២០១៨ ដល់​ចុង​ខែ​កញ្ញា ឆ្នាំ​២០២១ ផ្ទៃ​បឹងតាមោក​សរុប​ជាង ១៦០០​ហិកតារ​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់ និង​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន ទៅ​ឱ្យ​បុគ្គល​ឯកជន ដែល​គេ​ដឹង​ថា​ជា​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ព្រមទាំង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ផង៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស